ក្រសួងជំរុញឱ្យសហគ្រិនខ្មែរ ដែលកែច្នៃផលិតផលកសិកម្ម ចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន
Posted by -
Phoung Somphors
Published on -
24/5/2024 12:31 AM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់បណ្ដាធុរជនសហគ្រិន វិនិយោគិន និងផលិតករ ដែលមានបំណងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនិងមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពាណិជ្ជករចិន និងអន្តរជាតិអាចដាក់ពាក្យចូលរួមព្រឹត្តិការណ៏«ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើកទី៧»។ ពិព័រណ៍នេះនឹងធ្វើនៅថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃប្រទេសចិន។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ថា ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិន ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិននិងជាវេទិកាធុរកិច្ចដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិជាអន្តរជាតិលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងការទូតរវាងបណ្ដាប្រទេសចូលរួមទាំងអស់ ក្នុងពិភពលោកជាមួយនឹងប្រទេសចិន។

ព្រឹតត្តិការណ៍ពិព័រណ៍នេះ បានផ្តល់អាទិភាពខ្ពស់ដល់ធុរកិច្ចនៅក្នុងវិស័យកែច្នៃកសិផលដូចជា អង្ករ ស្វាយចន្ទី ម្រេច គ្រឿងទេស ម្ហូបអាហារកែច្នៃគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យដឹកជញ្ជូននិងភស្ដុភារកម្មនិងវិស័យពាក់ព័ន្ធផ្សេងៗទៀត ដែលទើបបង្កើតថ្មីផងដែរ។

បណ្ដាធុរជន សហគ្រិន វិនិយោគិន និងផលិតករដែលមានបំណងចូលរួមអាចដាក់ពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៤ ឬអាចទំនាក់ទំនងមកកាន់នាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរសព្ទ៖ ០១៦ ៤១៦ ៨២៥, ០៨៦ ៣៣៣ ៩៣៣, ០១២ ៧០៣ ៣៩៣៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236