ធនាគារពិភពលោក អនុម័តការផ្តល់កម្ចី ៤០លានដុល្លារដើម្បីគាំទ្រគម្រោងបង្កើនជំនាញដល់ពលរដ្ឋខ្មែរ ជាង៣ម៉ឺននាក់
Posted by -
Phoung Somphors
Published on -
25/5/2024 11:29 PM

ភ្នំពេញ៖ ធនាគារពិភពលោក បានអនុម័តឥណទានតម្លៃ៤០លានដុល្លារសម្រាប់គាំទ្រគម្រោងបង្កើនជំនាញដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៣៣០០០នាក់។ ការផ្តល់កម្ចីនេះ ដើម្បីរកការងារបានកាន់តែល្អតាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ការផ្តល់ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA) នេះ គឺដើម្បីលើកកម្ពស់គុណភាពនិងជំនាញពាក់ព័ន្ធការងារនៅក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេសនិងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។

សេចក្តីប្រកាសព័ត៌មានដដែល ឱ្យដឹងទៀតថា ឥណទាននេះនឹងជួយទ្រទ្រង់ដល់គម្រោងជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ ដែលពង្រឹងលើការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កែលម្អការណែនាំអំពីអាជីពនិងការជួយរកការងារធ្វើនិងពាក់ព័ន្ធជាមួយនិយោជកឱ្យបានកាន់តែប្រសើរនៅក្នុងការរៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។

ធនាគារពិភពលោក បានគូសបញ្ជាក់ថា រយៈពេលប្រាំឆ្នាំនៃគម្រោងជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតាមវិស័យនានាដែលទាមទារឱ្យមានជំនាញកម្រិតមធ្យមថែមទៀត ដែលគម្រោងនេះ អនុវត្តដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។

ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រីម៉ារីយ៉ាម សាលីម បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះផងដែរថា កម្ពុជាខិតខំបោះជំហានឈានឡើងនៅក្នុងខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួនការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្នពិសេសនាពេលខាងមុខនឹងក្លាយជាកិច្ចការគន្លឹះមួយសម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន កាន់តែប្រសើរឡើង និងឆ្លើយតបកាន់តែល្អទៅនឹងតម្រូវការរបស់និយោជក។ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលឆ្លើយតបបានទៅនឹងតម្រូវការ រួមមាន ជំនាញឌីជីថល និងជំនាញឥរិយាបទអាចជួយឱ្យកម្ពុជាសម្រេចគោលបំណងរបស់ខ្លួនបាន»។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រីម៉ារីយ៉ាម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236