World Bank ផ្តល់កម្ចីជិត ៨០លានដុល្លារ បន្ថែមពង្រឹងគុណភាពនិងលទ្ធភាពការអប់រំរបស់កម្ពុជា
Posted by -
Phoung Somphors
Published on -
5/6/2024 12:12 AM

ភ្នំពេញ៖ ធនាគារពិភពលោក (World​ Bank) បានអនុម័តហិរញ្ញប្បទានបន្ថែមទៀតចំនួន ៧៩,៥លានដុល្លារ ដើម្បីពង្រីកសកម្មភាពដែលបានអនុវត្តក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពនៅកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ម៉ារីយ៉ាម សាលីមប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា ឱ្យដឹងថា ការផ្តល់ប្រាក់កម្ចីបន្ថែមនេះដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចប្រឹងប្រែងដោះស្រាយភាពក្រីក្រក្នុងការសិក្សានិងការកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។លោកស្រី ថា កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។ប៉ុន្តែ លទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាបនិងលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌។

លោកស្រីប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«កញ្ចប់ហិរញ្ញប្បទានបន្ថែមចំនួន៧៩,៥លានដុល្លារនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេសដែលក្នុងនោះមានអនុវិទ្យាល័យចំនួន៥០០, សាលាបឋមសិក្សាចំនួន១០០០ និងសាលាមត្តេយ្យចំនួន៩០»។

ចំណែក លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ បានឱ្យដឹងផងដែរថា កម្ចីបន្ថែមនេះផ្តល់ឱកាសសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញនៃការសិក្សាបន្ទាប់ពីមានការប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ១៩។ កាលពីដើមឆ្នាំ២០២២កន្លងទៅ ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន៦៩,២៥លានដុល្លាររួចមកហើយ ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា។ ក្នុងនោះឥណទានចំនួន៦០លានដុល្លារ បានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និង ១៩,៥លានដុល្លារ ពីអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236