កម្ពុជា រកចំណូលបានជាង២២លានដុល្លារ ពីការលក់សំបុត្រទស្សនាតំបន់អង្គរ ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤ កម្ពុជា រកចំណូលពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរបាន ២ ២០៦ ៨៩១ដុល្លារ ដែលមានចំនួនកើនឡើង ៣៨,២២% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។

តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីស្ថិតិភ្ញៀវបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្មៀស ប្រចាំខែឧសភា ឆ្នាំ២០២៤ រយៈពេល៥ខែមកនេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ៤៧២ ២៥៨នាក់ កើនឡើង ៣៦,៩៨% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។

ចំពោះ ការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ៥ខែនេះ ទទួលបានចំណូល ១៥១ ៩០៥ដុល្លារ ពីទេសចរអន្តរជាតិចំនួន ១០ ១២៧នាក់ផងដែរ។ ដោយឡែក ការលក់សំបុត្រទូក គឺទទួលបានចំណូល ៤០០ ៣០២ដុល្លារ ដែលមានទូកសរុបចំនួន១៤ ០៧៣ ក្នុងនោះទូកតូចចំនួន ៩ ៤៣២, ទូកកណ្តាលចំនួន៤ ០៨៨ និងទូកធំចំនួន៥៥៣។

សេចក្តីប្រកាសព័ត៌មាន ក៏បានគូសបញ្ជាក់អំពីចំណូលសម្រាប់តែនៅក្នុងខែឧសភា ឆ្នាំ២០២៤ ថា មានភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៥០ ៨៧៩នាក់ កើនឡើង១១,១៩% ធៀបនឹងខែឧសភា ឆ្នាំ២០២៣ និងរកចំណូលបាន ២ ២៨៩ ៣៥៨ដុល្លារ កើនឡើង ១២,៥២% ធៀបនឹងខែឧសភា ឆ្នាំ២០២៣៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236