«កំពង់ផែពហុបំណងកំពត» មានតម្លៃ១៤០លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ!
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ពោធដាក់ឱ្យប្រើប្រាស់«កំពង់ផែពហុបំណងកំពត» ជាផ្លូវការនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ កំពង់ផែ ដែលវិនិយោគដោយក្រុមហ៊ុនកំពតផត ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០លានដុល្លារ ត្រូវបានរំពឹកថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា។

កំពង់ផែដែលមានផ្ទៃដីគោក ២០៧ហិកតា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត និងផ្ទៃទឹក ៦៧៨ហិកតា ជាកម្មសិទ្ធិរបស់រដ្ឋដែលរាជរដ្ឋាភិបាលនេះ នឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ ពិសេស ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា នេះ ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលវានឹងរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែម។ កំពង់ផែពហុបំណងកំពតនេះ មានចំណតនាវាបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ ជម្រៅទឹក -១០ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាចំណុះ ១ម៉ឺនតោន ឬស្មើនឹង ៦៦៦TEUs ចុះចតបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់នូវកំពង់ផែពហុបំណងកំពតនេះ ថា ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងវិស័យកំពង់ផែ និងជាកំពង់ផែទី១ ដែលត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់បន្ទាប់ពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236