គម្រោងវិនិយោគចំនួន២៥ ទៀត ដែលមានទុនជាង ២៤៦លានដុល្លារ ត្រូវបាន CDC បានអនុម័ត ក្នុងខែឧសភា ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង២៤៦លានដុល្លារ ក្នុងខែឧសភា ឆ្នាំ២០២៤ ដោយក្នុងនោះ មានគម្រោងថ្មីចំនួន២៤ និងគម្រោងពង្រីកផលិតកម្មចំនួន១ ដែលអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។

បើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី១០ ខែមិថុនា គម្រោងវិនិយោគទាំងនោះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៨គម្រោង និងនៅក្រៅ ១៧គម្រោង។ គម្រោងវិនិយោគដែលលេចធ្លោជាងគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៨៤កន្លែង។ក្នុងខែឧសភា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន គឺស្ថិតនៅលំដាប់លេខរៀងទី១បានរួមចំណែកជិត៥០% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកមានប្រមាណជិត៣១%នៃទុនវិនិយោគសរុប។

ចំណែកឯ គម្រោងដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំងមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានទុនវិនិយោគប្រមាណជាង៦៥លានដុល្លារ អាចបង្កើតការងារបាន ៣៥កន្លែង។

គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុមានទីតាំងស្ថិតនៅភូមិតាន ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានទំហំវិនិយោគប្រមាណជាង ២៦លានដុល្លារ និងអាចបង្កើតការងារបាន ៣១៧កន្លែងនិងគម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងនៅភូមិអូរត្រជាក់ចិត្តឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារនិងបង្កើតការងារបាន ២២៩កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236