ស្ពានអាកាសភ្លោះ តម្លៃជាង១៦លានដុល្លារ តភ្ជាប់ពីចំណុចប្រសព្វផ្លូវ៦០ និងផ្លូវជាតិលេខ២ ប្រកាសបើកការដ្ឋានសាងសង់
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាសភ្លោះមួយដែលចាប់ផ្តើមពីចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជាង១៦លានដុល្លារ ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសសម្ពោធបើកការដា្ឋននៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៤នេះ។

គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ក្នុងគោលបំណងបញ្ចៀសការកកស្ទះនៅហ្នឹងកន្លែងហើយនឹងក្លាយជាស្ពានអាកាសភ្លោះយុទ្ធសាស្រ្តក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិតាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ ដែលជាការតភ្ជាប់ប្រព័ន្ធឡូជីស្ទីកផងដែរ។

ស្ពានអាកាសភ្លោះនេះជាគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញដោយប្រើប្រាស់ថវិកាសាងសង់ជាង ១៦លានដុល្លារអាម៉េរិក ប្រើប្រាស់រយៈពេលសាងសង់ ១២ខែជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន ២៨១ម៉ែត្រ។ចំពោះ ផ្លូវតភ្ជាប់ក្បាលស្ពានទៅខាងមហាវិថីសម្តេចតេជោហ៊ុនសែនប្រវែង ១៨០ម៉ែត្រនិងផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ។ នេះបើតាមការចុះផ្សាយលើបណ្តាញសង្គមរបស់សម្តេចធិបតីហ៊ុន ម៉ាណែត។

ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាលដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់ឱ្យបើកការដ្ឋានសាងសង់នាពេលនេះសម្រាប់ស្ពានទី១ ជាផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែនឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២ជាផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236