World Bank អនុម័តឥណទាន ២៧៥លានដុល្លារ ដើម្បីជំរុញកំណើននិងភាពធន់សេដ្ឋកិច្ចកម្ពុជា
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ ធនាគារពិភពលោក បានអនុម័តឥណទាន២៧៥លានដុល្លារ ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីជំរុញកំណើននិងភាពធន់នៃសេដ្ឋកិច្ច។ ឥណទាននេះ នឹងត្រូវប្រើសម្រាប់ជំរុញកំណែទម្រង់ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន ពង្រឹងជំហរសារពើពន្ធរបស់កម្ពុជានិងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ បើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

ធនាគារពិភពលោក បានបញ្ជាក់ថា ឥណទានតម្លៃ២៧៥លានដុល្លារនេះ ជាឥណទានបន្ថែមពីលើឥណទានដែលមានតម្លៃ ២៧៤លានដុល្លារដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងខាងលើនៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy Financing)។ឥណទានថ្មីនេះ នឹងជួយបង្កើតបរិយាកាសអំណោយផលដល់ការបើកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន,បិទអាជីវកម្ម និងការប្រកួតប្រជែងដោយយុត្តិធម៌។

ចំពោះផ្នែកផ្សេងទៀតឥណទាននេះនឹងជួយពង្រឹងភាពធន់នៃសារពើពន្ធ តាមរយៈការកែលម្អភាពប្រសិទ្ធផលនៃចំណាយ, កាត់បន្ថយហានិភ័យនៃចំណាយមូលធន, បង្កើនភាពជាដៃគូរវាងរដ្ឋនិងឯកជននិងពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានតាមរយៈសញ្ញាបណ្ណជាតិ។ ឥណទានចំនួន២៧៥លានដុល្លារនឹងជួយសម្រួលដល់ការផ្តល់ជំនួយសង្គ្រោះឱ្យបានទាន់ពេលវេលា ដល់ក្រុមគ្រួសារងាយរងគ្រោះដែលក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ឬស្ថានភាពអង្រួនកន្ត្រាក់សេដ្ឋកិច្ច កែលម្អបទប្បញ្ញត្តិបរិស្ថាននិងលើកកម្ពស់ដល់ការគ្រប់គ្រងគ្រោះមហន្តរាយ។

កញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារជាគម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានិងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលរាំងស្ទះសេដ្ឋកិច្ចរបស់កម្ពុជា ចេញពីជំងឺរាតត្បាតកូវីដ-១៩។ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជាលោកស្រី ម៉ារីយ៉ាម សាលីម បានលើកឡើងថា បន្ទាប់ពីបានស្តារខ្លួនចេញពីជំងឺរាតត្បាតកូវីដ-១៩និងពីស្ថានការណ៍អង្រួនកន្ត្រាក់ ពេលនេះកម្ពុជាកំពុងបង្វែរការផ្តោតកិច្ចខិតខំរបស់ខ្លួនឆ្ពោះទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរដែលមានគុណភាពខ្ពស់

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236