កម្ពុជា រកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងឆមាសទី១ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤នេះ កម្ពុជារកចំណូលពីការលក់សំបុត្រឲ្យភ្ញៀវអន្តរជាតិ ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស បានសរុបប្រមាណ ២៤ ៣៥៧ ៦៩៥ដុល្លារ កើនឡើង ៣៦,២៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី០១កក្កដានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរស្តីពី«ស្ថិតិភ្ញៀវបរទេសនិងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរនិងកំពង់ផែចុងឃ្នៀស ប្រចាំខែមិថុនា ឆ្នាំ២០២៤» ក្នុងឆមាសទី១នេះរមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុបប្រមាណ ៥២១ ៩៥០នាក់ កើនឡើង ៣៥,៣០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ចំពោះការលក់បណ្ណឲ្យភ្ញៀវអន្តរជាតិចូលទស្សនាប្រាសាទកោះកែរ រយៈពេល៦ខែនេះដែរទទួលបានភ្ញៀវចំនួន ១០ ៨២៨នាក់ ស្មើនឹង ១៦២ ៤២០ដុល្លារ។ ចំណែក ការលក់សំបុត្រទូកវិញគ្រឹះស្ថានអង្គរទទួលបានចំណូល ៤៣២ ៨៨១ដុល្លារ ដោយទូកសរុបមានចំនួន ១៥ ៧១១ទូក។ក្នុងនោះទូកតូចមានចំនួន ១០ ៧៧៥, ទូកកណ្តាលមានចំនួន ៤ ៣៨២និងទូកធំមានចំនួន ៥៥៤។

ដោយឡែក ក្នុងខែមិថុនា ឆ្នាំ២០២៤នេះភ្ញៀវអន្តរជាតិទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤៩ ៦៩២នាក់ កើនឡើង ២១,១៦% បើធៀបនឹងខែរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ រកចំណូលបាន ២ ១៥០ ៨០៤ដុល្លារកើនឡើង ១៨,៧២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថាចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនេះដែរ រដ្ឋាភិបាលក៏បានឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ០៤៣ ៩០០ដុល្លារក្នុងរយៈពេល៦ខែនេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236