មូលនិធិគន្ធបុប្ឆា ទទួលបានថវិកាបរិច្ចាគជាង៣,៣លានដុល្លារ ពីយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ដែលមានរយៈពេល១ខែ
Posted by -
Phounng Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ មូលនិធិគន្ធបុប្ឆាកម្ពុជា តាមរយៈយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ២០២៤ ដែលផ្តួចផ្តើម ឡើងដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ភរិយាសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចប់យុទ្ធនាការនៅត្រឹមថ្ងៃទី១ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានថវិកាបរិច្ចាគសរុបជាង ៣,៣លានដុល្លារពីសប្បុរសជនចំនួនជាង ២៤ម៉ឺននាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤នេះបើធៀបនឹងយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ពីរលើកកន្លងមកគឺទទួលបានការចូលរួមកាន់តែច្រើនពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានបញ្ជាក់ថា ទោះបីជាយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ឆ្នាំ២០២៤នេះ ត្រូវបិទបញ្ចប់មែនតែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរ ការបរិច្ចាគជាប្រចាំព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារក្នុងមួយឆ្នាំៗ។ការដែលមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរនេះគឺដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងបេសកកម្មផ្តល់ការពិនិត្យនិងព្យាបាលជំងឺដល់ទារក និងកុមារព្រមទាំងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំៗ ដែលប្រកបដោយគុណភាព, ឥតគិតថ្លៃ និងមិនមានការរើសអើង។

ទន្ទឹមនឹងនេះ មូលនិធិគន្ធបុប្ផាកម្ពុជាបានអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេសឱ្យបន្តនូវវប្បធម៌ចែករំលែក ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងការនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះតិចក្តីច្រើនក្តី ដើម្បីរក្សា និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញនិងនៅខេត្តសៀមរាប៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236