កម្ពុជា រកចំណូលពីការលក់អង្ករបានជិត២៤៨លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
3/9/2024 12:29 PM

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញអង្ករចំនួនជាង៣.៣ម៉ឺនតោន ដែលស្មើនឹងប្រមាណ ២៤៧,៦០លានដុល្លារ តាមរយៈក្រុមហ៊ុនចំនួន៥១ ទៅកាន់គោលដៅចំនួន៦៣គោលដៅ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងរបាយការណ៍ដដែល គោលដៅដែលកម្ពុជាបាននាំចេញ មានបណ្តាប្រទេសចំនួន ២៦ក្នុងទ្វីបអឺរ៉ុបមានចំនួន១៥៦,៧៨៩តោន ដែលស្មើនឹងទឹកប្រាក់១២១,៣២លានដុល្លារ និងទៅកាន់បណ្តាប្រទេសចំនួន២៧ផ្សេងទៀត នៅអាហ្វ្រិក និងមជ្ឈឹមបូព៌ា មានចំនួន៣១,៩១៣តោន ស្មើនឹង ២៧,៤២លានដុល្លារ។ ចំណែកឯ ការនាំចេញអង្ករទៅប្រទេសចំនួន៧ នៅក្នុងអាស៊ាន មានចំនួន៧៤,៥៥៤តោន ដែលស្មើនឹង៥១,៨៤លានដុល្លារ។ ចំពោះការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត កម្ពុជា សម្រេចបាន៧៥,៣៩៨តោន ស្មើនឹង ៤៧,០១លានដុល្លារ។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដដែល បានគូសបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជានាំចេញតាមរយៈក្រុមហ៊ុនចំនួន៥១ នោះ មានអង្ករក្រអូបគ្រប់ប្រភេទចំនួន ៧០,៦៣% , អង្ករសគ្រាប់វែងនាំចេញបាន ២៥,០៧% , អង្ករចំហ៊ុយមាន ២,៥៧% , អង្ករសរីរាង្គមានចំនួន ១,៤៨% និងអង្ករផ្សេងៗទៀត នាំចេញបានចំនួន ០,២៥%។

ដោយឡែក ក្នុងឆមាសទី១នេះ កម្ពុជា ក៏នាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ២,៥២៨,០១១តោន ដែលស្មើនឹង ៧២៧,៣៦លានដុល្លារផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236