CDC បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ក្នុងទំហំវិនិយោគជាង ១,២ពាន់លានដុល្លារ ក្នុងខែសីហា
Posted by -
Phoung Somphors
Published on -
16/9/2024 1:03 AM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបជាង ១,២ពាន់លានដុល្លារ ក្នុងខែសីហា ឆ្នាំ២០២៤។ ការអនុម័តនោះ គម្រោងថ្មីមានចំនួន៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន៧ អាចបង្កើតការងារបាន ៣៣ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC នៅថ្ងៃទី០៩ ខែកញ្ញានេះ។

សេចក្តីប្រកាសដដែលឱ្យដឹងថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហាក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន៤ ដែល CDC បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនទី១ គឺគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥មានទីតាំងនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទំហំវិនិយោគបន្ថែម៨០លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៨៣កន្លែង។

ទី២.គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វនិងកែច្នៃស្បែកសត្វ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១៩លានដុល្លារនិងអាចបង្កើតការងារបន្ថែមបានចំនួន ១ ០៥៣កន្លែង។

ចំណែកឯ ទី៣ គឺគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មដោយកែច្នៃផលិតផលពាក់កណ្ដាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនទៅជាផលិតផលសម្រេច BovineCollagen Peptide, Fish Collagen Peptide, Pea Protein Peptide, Rice ProteinPeptide, Pea Protein មានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ២៨លានដុល្លារអាចបង្កើតការងារបន្ថែមបានចំនួន ២០០កន្លែង។ ទី៤.គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗនិងរោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅភូមិចំការបីឃុំពងទឹក ស្រុកដំណាក់បង្អើរ ខេត្តកែប ក្នុងទំហំវិនិយោគប្រមាណជាង ២៥លានដុល្លារអាចបង្កើតការងារបានចំនួន ២៧១កន្លែង។

ដោយឡែក គម្រោងវិនិយោគដែលមានភាពលេចធ្លោនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣ផងដែរ ដោយក្នុងនោះ ទី១. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិលដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងក្នុងទុនវិនិយោគចំនួន៨០លានដុល្លារ និងអាចបង្កើតការងារបាន ៧៧៥កន្លែង។ ទី២.គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ ៤៣០លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ១៩៥៩កន្លែង។

ទី៣.គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគប្រមាណជាង២៥៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែងនិងទី៤. គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុលដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិក្នុងទុនវិនិយោគប្រមាណជាង ៤០លានដុល្លារ ដែលអាចបង្កើតការងារបាន ៨៣កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236